-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Thursday, December 23, 2021

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា-វៀតណាម ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views

   



ភ្នំពេញ: ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានបង្ហាញនូវការបន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយបន្ថែមទៀត។

ការលើកឡើងរបស់ភាគីទាំងពីរនេះធ្វើឡើងក្នុងជំនួបរវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញអមដំណើរឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

ក្នុងជំនួបនេះភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក បើទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ក្តី ក៏ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានសហការយ៉ាងជិតស្និទ្ធ លើវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាល និងការងារប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការជួញដូរមនុស្ស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលនឹងធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំអាស៊ាន នាពេលខាងមុខ និងបានជម្រាបជូនសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីថា ឯកឧត្តមផ្ទាល់ត្រៀមខ្លួនជានិច្ច ក្នុងការគាំទ្រដល់កម្ពុជារៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ឱ្យទទួលបានជោគជ័យ ដោយផ្អែកលើបទពិសោធន៍កន្លងមក ដែលប្រទេសវៀតណាមក៏ធ្លាប់បាន ទទួលធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២០។

ទន្ទឹមនេះដែរ ដើម្បីចូលរួមអបអរសាទរ នូវព្រឹត្តិការណ៍គម្រប់ខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចក្រឡា ហោម ស ខេង និង ឯកឧត្តម តូ ឡឹម ក៏បានពិភាក្សាអំពីការរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗដើម្បីអបអរសាទរនូវទិវាដ៏មានសារៈសំខាន់ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរផងដែរ ។

ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក និងការអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង នោះដែរ ឯកឧត្តម ឧត្តមសេនូយ៍ឯក តូ ឡឹម ក៏បាននាំមកជាមួយនូវជំនួយរបស់ក្រសួងនគរបាលវៀតណាម ជូនក្រសួងមហាផ្ទៃកម្ពុជា ដែលរួមមាន៖ រថយន្តចំនួន៥គ្រឿង ម៉ូតូចំនួន៥គ្រឿង ព្រមទាំងសម្ភារបម្រើឱ្យការងារថែរក្សាសន្តិសុខ សុវត្ថិភាព មួយចំនួនទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានអញ្ជើញសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឆ្នាំ២០២២ខាងមុខ តាមពេលវេលាសមស្របផងដែរ ៕ដោយចាន់ សុធីវង្ស សម្រួលផ្សាយដោយ៖ dara