ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលកាន់តំណែងប្រធានគ.ជ.ប ជាផ្លូវការ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលកាន់តំណែងប្រធានគ.ជ.ប ជាផ្លូវការ

 


គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានប្រកាសឯកឧត្តម ប្រាជ្ញ ចន្ទ ឡើងកាន់តំណែងប្រធាន គ.ជ.ប ជាផ្លូវការ បន្ទាប់ពីព្រះមហាក្សត្របញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក និងចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប ក្រោយពីសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងក្រោមវត្តមានសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានប្តេជ្ញា នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំចាត់ចែង និងគ្រប់គ្រងស្ថាប័នគ.ជ.ប រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ ក៏បានសំណូមពរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលជាប្រតិបត្តិករយ៉ាងសំខាន់ រួបរួមគ្នា ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធ បន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ក្នុងការងារបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក៏ដូចជាអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ បន្តកិច្ចសហការជាមួយ គ.ជ.ប ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តនានា ដែលបានដាក់ចេញជាធរមាន សំដៅរួមចំណែកលើកកម្ពស់ការអនុវត្តន៍គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

សូមបញ្ជាក់ថា ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបុគ្គលទី៤ហើយដែលឡើងកាន់តំណែងជាប្រធានគ.ជ.ប ។ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយមានការចូលរួម និងកិច្ចសហការគាំទ្រពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ៕


No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages