ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្តែងការខកចិត្តដែលប្រទេសមួយចំនួនអនុវត្តគោលការណ៍ស្តង់ដារពីរ ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្តែងការខកចិត្តដែលប្រទេសមួយចំនួនអនុវត្តគោលការណ៍ស្តង់ដារពីរ ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន

    


 ភ្នំពេញ: ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនាមក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវជំហរក្នុងការគាំទ្រ និងបន្តខិតខំយ៉ាងមោះមុត ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា ប៉ុន្តែបានសម្តែងនូវការខកចិត្តចំពោះប្រទេសមួយចំនួនដែលអនុវត្តគោលការណ៍ស្តង់ដារពីរ ចំពោះសេរីភាពសារព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖
 “ក្រសួងព័ត៌មាន បាននិងកំពុងបន្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាអាចអនុវត្តសិទ្ធិនេះដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែក្រោមគោលការណ៍នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ហើយការលើកកម្ពស់សេរីភាពនេះក៏ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់ដែលនៅពាសពេញពិភពលោក អាចជ្រើសរើសមាគ៌ា ឬថ្នាក់ដឹកនាំ ឬអ្នកដឹកនាំរបស់ខ្លួន ដោយការយល់ដឹងច្បាស់។ ហេតុដូច្នេះហើយ ខ្ញុំសង្ឃឹមថាជនរួមជាតិទាំងអស់មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស នឹងបន្តខិតខំគាំទ្រគោលការណ៍សេរីភាពនៃការបញ្ចេញមតិ រួមទាំងគោលការណ៍នៃសេរីភាពសារព័ត៌មាននេះ ឱ្យបានល្អជាទូទៅទាំងអស់គ្នា”។ 

 ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួងព័ត៌មាន បានសម្តែងនូវការខកចិត្តក្នុងការវិវត្តនៃព្រឹត្តិការណ៍ថ្មីៗនេះ ជាពិសេសសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ដែលយើងសង្កេតឃើញថាមាននិន្នាការក្នុងការលុបបំបាត់ស្ថានីយផ្សាយនេះ ស្ថានីយផ្សាយនោះ ឬក៏ប្រព័ន្ធផ្សព្វផ្សាយណាមួយ ដែលជាការផ្ទុយទាំងស្រុងទៅនឹងគោលការណ៍សេរីភាពនៃការបញ្ចេញមតិ និងគោលការណ៍នៃសេរីភាពសារព័ត៌មាន។ បន្ថែមពីលើនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ឱ្យខិតខំអនុវត្តសេរីភាពសារព័ត៌មាន ឱ្យមានស្តង់ដារតែមួយ ដើម្បីសុខុមាលភាព សេរីភាព សន្តិភាព និងដើម្បីជាជម្រើសប្រកបដោយសេរីភាព ក្នុងការសម្រេចចិត្តរបស់ប្រជាជនគ្រប់រូប។

 សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី និងប្រតិភូកីឡា មុនចេញទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម បានមានប្រសាសន៍ថា ៖ “នៅលើពិភពលោកយើងនេះ មានតែវិស័យកីឡាទេដែលមានស្តង់ដាររួមតែមួយ ដូច្នេះសូមកុំនិយាយដល់ស្តង់ដារអន្តរជាតិលើលទ្ធិប្រជាធិបតេយ្យ លើសិទ្ធិមនុស្ស លើបញ្ហានេះបញ្ហានោះ គឺគ្មានទេ”។

 សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី២៩ ក្រោមមូលបទ “សារព័ត៌មានក្រោមសម្ពាធប្រព័ន្ធឌីជីថល” នៅរាជធានីភ្នំពេញ៕ ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ DARA


No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages